រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿងញុះញង់២ករណីរបស់លោក សម រង្ស៊ី ។
ក្នុងសវនាការនេះមានលោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ ។
មន្ត្រីតុលាការ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៊ី ដែលតុលាការជំនុំជម្រះថ្ងៃនេះ គឺពាក់ព័ន្ធនឹង ករណីដែលលោក សម រង្ស៊ី បំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៊ី ញុះញង់កុំឲ្យប្រជាពលរដ្ឋសងលុយធនាគារ ។
ទន្ទឹមនឹងការមានសំណុំរឿងស្អេកស្កះនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ សម រង្ស៊ី ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី ៕