តែងតាំងភរិយាអតីតមេខ្មែរក្រហមជាចៅហ្វាយខេត្តប៉ៃលិន

លោកស្រី បាន ស្រី​មុំ ដែល​គេ​ដឹង​ថា​ជា​ភរិយា​លោកនាយ​ឧត្តមសេនីយ៍ អ៊ី ឈាន អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូប​ប្រចាំ​តំបន់​ប៉ៃលិន បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ត្រូវ​បាន​ព្រះមហាក្សត្រ​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ជំនួស​លោក ផា​ន់ ចាន់​ធុ​ល ដែល​ត្រូវ​បាន​តែងតាំង​ដំឡើង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តប៉ៃលិនខាងលើ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​លោកឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ធ្នូ ២០២០នេះ ។

​មុន​ឡើង​កាន់​តំណែង​កំពូល​នៅ​ក្នុង​ខេត្ត​អតីត​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​កាលពី​សម័យ​សង្គ្រាម លោកស្រី បាន ស្រី​មុំ ក៍​មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​កាកបាទក្រហម​ខេត្ត​ប៉ៃលិន​ផង​ដែរ ។