លោកឧកញ៉ា ហ៊ុន ជា ដែលគេស្គាល់ថាត្រូវជាក្មួយប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍អាណិតអាសូរសត្វស្វាដែលត្រូវបានអាជ្ញាធរអប្សរាចាប់ចេញពីប្រាសាទនានាក្នុងតំបន់អង្គរដើម្បីយកទៅដាក់នៅក្នុងព្រៃក្រៅឧទ្យានអង្គរ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកលោកផ្កាយ៣ ហ៊ុន ជា បានសរសេរថា«បិទភ្នែក បិទមាត់ បិទត្រចៀក ខ្លះទៅពួកខ្ញុំគ្មានផ្ទះនៅទេពូៗ ខុសហើយមកពី ស្វា ឯងគ្មានលុយទិញស្អីសុី » ។
ការបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្តទៅនឹងវិធានការរបស់អាជ្ញាធរអប្សរាខាងលើ បានធ្វើឡើងបន្ទាប់កាលពីថ្ងៃម្សិលមិញមានប្រតិកម្មជាច្រើនពីគ្របមជ្ឈដ្ឋានក្រោយឃើញវីដេអូឃ្លីបមួយដែលគេឃើញមានការជជែកគ្នារវាងមន្ត្រីអាជ្ញាធរអប្សរានិងអ្នកប្រកបរបរតាម Youtube ជុំវិញការចាប់សត្វស្វាចេញពីប្រាសាទបាយ័ន ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងថា ការចាប់សត្វស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ព្រោះថាស្វាទាំងនោះ ធ្លាប់បានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ ។
លោក ឡុង កុសល បានបន្ថែមថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ា ហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំផ្លើសថាស្វាទាំងនោះបានស្លាប់ជាដើម ដែលតាមការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។
ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានគេដឹងថាជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះក្នុងបណ្តាញYoutube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម។
ម្យ៉ាងទៀត ស្វាទាំងនោះបានចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់និងបង្កររបួសដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។
ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាពអ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់យកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត ។
ដោយឡែក លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវចាប់ចេញនៅឡើយទេ។
លោកបន្ថែមថា ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្ត្រីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់ ដោយក្នុងនោះស្វាទាំងនេះនឹងត្រូវធ្វើចត្តាឡីស័កផងដែរ មុនពេលព្រលែងទៅរស់នៅក្នុងព្រៃធម្មជាតិក្រៅបរវេណរមណីយដ្ឋានអង្គរ៕