សូមព្រលឹងបុព្វបុរសខ្មែរចូលសណ្ឋិត ! គ្រោះថ្នាក់ចរាចរណ៍ ក្លាយជារឿងឃាតកម្ម

គិត​ត្រឹម​ម៉ោង​១២​និង​៥៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ធ្នូ ២០២០​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជន​ដៃដល់​ដែល​បាញ់​សម្លាប់​គូទំនាស់​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​នៅឡើយ​ទេ បើ់​ទោះបីជា​សមត្ថកិច្ច​នៅ​ព្រឹក​នេះ​បាន​រក​ឃើញ​រថយន្ត​ជនសង្ស័យ​ដែល​ប្លុង​ចោល​នៅ​សង្កាត់​ព​ង្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​យ៉ាងណា​ក្តី ។​

 

​គួរ​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​បម្រើ​ការងារ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​រ៉េ​ត ស៊ី​នេ​ត អាយុ​៤០​ឆ្នាំ ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល បាន​បាត់បង់​ជីវិត​ក្រោយ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ខណៈ​កំពុង​ជជែក​ដោះស្រាយ​គ្នា​ក្នុង​រឿង​គ្រោះថ្នាក់​ចរាច​ណ៍​។​

​ហេតុការណ៍​ដែល​មិន​គួរ​កើតឡើង​នៅ​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​ធ្លាប់​មាន​វប្ប​ធ៌​ម​ចេះ​យោគយល់​អធ្យាស្រ័យ អត់ឱន​ឲ្យ​គ្នា និង មាន​អារ្យ​ធ៌​ម​ដ៍​រុងរឿង​ក្នុង​តំបន់​និង​ពិភពលោក​នេះ បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ធ្នូ ២០២០ នៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ទល់មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បើ​តាម​សមត្ថកិច្ច ជន​រង​គ្រោះ បើករថយន្ត​ម៉ាក FORD ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-3738 តាម​មហាវិថី​ហស​ព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ​មួយ​គ្រឿង បើក​មក​បុក​ពីក្រោយ​រថយន្ត​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​កើតហេតុ ភាគី​ទាំង​សងខាង​បាន​ឈប់​និង​បើករថយន្ត​មក​ចិញ្ចើម​ផ្លូវ​ដើម្បី​ចរចា​គ្នា ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​សម្រួល​គ្នា ដោយ​គ្រាន់តែ​អោយ​ភាគី​បង្ក​យក​រថយន្ត​ទៅ​ជួសជុល​ដើម្បី​បញ្ចប់រឿង​ប៉ុណ្ណោះ ។​

​ស្រាប់តែ​ម្ចាស់​រថយន្ត​បង្ក​ឡើង​ទៅ​លើ​រថយន្ត ចំណែក​បក្ខពួក​២​នាក់​ទៀត បាន​ដក​កាំភ្លើង​មិន​ចាំ​ម៉ាក បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​គ្រាប់ រួច​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។​

​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​ពិនិត្យ​ទៅ​លើ​សាច់​រឿង​ដែល​ជាដើម​ចម​ឈាន​ទៅ​ជា​អំពើ​ឃាតកម្ម គឺ​ដូច​ជា​មិន​ទំនង​ទាល់តែ​សោះ ព្រោះ​គ្រាន់តែ​រឿង​បែក​ស្តុ​ប​រថយន្ត​និង​ខូចខាត​រថយន្ត​បន្តិចបន្តួច​ឈាន​ទៅ​បាញ់​សម្លាប់​មនុស្ស ឬ​ករណី​នេះ​ជា​ការ​រៀបចំ​ដើម្បី​សម្លាប់​ជន​រង​គ្រោះ​ក្នុង​រឿង​អ្វីមួយ ?​។​

​យ៉ាងណា គេ​សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់​ជន​ដៃដល់​និង​បក្ខពួក​មក​ផ្តន្ទាទោស ហើយនឹង​ដឹង​ថា ករណី​ខាងលើ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​រឿង​ឃាតកម្ម ឬ ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ? ៕