ជនសង្ស័យដែលបើកររថយន្តដឹកជនដៃដល់បាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។
បើតាមសមត្ថកិច្ចជនសង្ស័យដែលជាអ្នកបើករថយន្តរត់គេចនោះឈ្មោះ កែ ចាន់មាន និងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៣ មករា ២០២១ នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ កែ ចាន់មាន បាននិយាយសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។
ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់មកលើខ្លួនដើម្បីឱ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។
ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕