តាមប្រភពព័ត៌មាន The Sun បានចុះផ្យាយថា ផ្នែកមួយនៃយុវវ័យនាពេលបច្ចុប្បន្ននេះ ពួកគេពិតជាចូលចិត្តនិន្នាការនៃការជក់បារីអេឡិចត្រូនិក ដោយសារតែក្លិនប្រេងនៃបារីអេឡិចត្រូនិកមានភាពទាក់ទាញណាស់ ។
ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់ ឈ្មោះក្លែរ ក៏ជាមនុស្សម្នាក់ក្នុងចំណោមពួកគេផងដែរ នៅពេលដែលទម្លាប់ជក់បារីអេឡិចត្រូនិកក្លាយជាសកម្មភាពដែលគេស្គាល់រាល់ថ្ងៃ ។ មុនពេលនោះក្លែរ មានគ្រុនក្តៅ ៤០អង្សាសេ រយៈពេល៣សប្តាហ៍ជាប់ៗ គ្នាដោយមិនមានរោគសញ្ញាអ្វីផ្សេងឡើយ ។ គ្រួសាររបស់នាងសន្មតថា នាងមានជំងឺផ្តាសាយ ។ បន្ទាប់ពីប្រើថ្នាំអស់រយៈពេលពីរបីសប្តាហ៍ជំងឺរបស់នាងមិនបានបាត់ឡើយ ក្លែរបានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ ។
គ្រូពេទ្យបានធ្វើការស្កេន CT និងធ្វើរោគវិនិច្ឆ័យថា ក្មេងស្រីអាយុ១៩ឆ្នាំនេះ បានខូចសួត យ៉ាងធ្ងន់ធ្ងរ បំផ្លាញជាលិកា និងរលាកធ្ងន់ធ្ងរ នៅក្នុងបំពង់ទងសួត ។ សួតរបស់មនុស្សដែលមានសុខភាពល្អនៅលើការស្កេន CT នឹងមានពណ៌ខ្មៅ រីឯ Claire សួតទាំងពីរនឹងមានពណ៌ស ។
នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាយូរមកហើយដោយប្រើថ្នាំចាក់ និងថ្នាំស្តេរ៉ូអ៊ីត ។ ក្លែរបានសម្រេចចិត្តចែករំលែកស្កេនសួតរបស់នាង ដើម្បីជម្រុញឱ្យក្មេងជំទង់ឱ្យឈប់ជក់បារី ។
បារីអេឡិចត្រូនិកមានជាតិពុលជាច្រើន ដូចជាសារធាតុគីមីរសជាតិលោហធាតុ និងជាតិនីកូទីន ដូច្នេះវាបង្កគ្រោះថ្នាក់ដល់សុខភាព ។ មនុស្សជាច្រើនតែងតែយល់ច្រឡំថា បារីអេឡិចត្រូនិកមិនបង្កគ្រោះថ្នាក់អ្វីទេ ព្រោះនៅពេលជក់បារីពួកគេមិនបញ្ចេញផ្សែង ឬផ្ទុកក្លិនមិនល្អដូចបារីធម្មតា ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតគ្រោះថ្នាក់ នៃផលិតផលនេះមិនតិចជាងបារីធម្មតាទេ ។
តាមពិតយោងទៅតាមព័ត៌មានពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកគិតត្រឹមដើមឆ្នាំ ២០២០ ប្រទេសនេះបានកត់ត្រាអំពីជំងឺរលាកសួតប្រហែល ២៦០០ករណី និង៥៧នាក់បានស្លាប់ទាក់ទងនឹងបារីអេឡិចត្រូនិក។
អង្គភាពនេះក៏បានធ្វើការស្ទង់មតិលើមនុស្សជាង ១ម៉ឺននាក់ផងដែរ ហើយបានរកឃើញថា បុគ្គលដែលប្រើប្រាស់បារីអេឡិចត្រូនិកហាក់ដូចជាមានការគាំងបេះដូង ។ លើសពីនេះទៀតហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងក្រុមមនុស្សនេះក៏ខ្ពស់ជាងអ្នកដែលមិនប្រើវា ៣០% ផងដែរ ។
AFP ផ្សាយថា អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្ហើបឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា បារីអេឡិចត្រូនិក មានកម្រិតបង្កឱ្យកើតមហារីកខ្ពស់ជាងបារីធម្មតាដល់ទៅ១០ដង ។ ធ្លាប់មានអំណះអំណាងថា បារីអេឡិចត្រូនិកបង្កគ្រោះមហន្តរាយតិចជាងបារីមានផ្សែង ។
បារីអេឡិចត្រូនិក មានការពេញនិយមនៅលើពិភពលោក ពិសេសគឺក្រុមយុវវ័យដោយឧបករណ៍អេឡិចត្រូនិកនេះ ផ្តល់កំដៅទៅលើវត្ថុរាវ ផ្សំពីនីកូទីន រហូតក្លាយជាចំហាយទឹកសម្រាប់បឺត ស្រដៀងនឹងបារី ប៉ុន្តែគ្មានផ្សែង ។
មន្ត្រីជំនាញពីក្រសួងសុខាភិបាលជប៉ុន ឱ្យដឹងថា សារធាតុ Formaldehyde និង Acetaldehyde នៅក្នុងចំហាយទឹកពីវត្ថុរាវជាច្រើនប្រភេទ ដែលប្រើជាមួយបារីអេឡិចត្រូនិក ពិសេសគឺ Formaldehyde ជាសារធាតុប្រទះឃើញមាននៅក្នុងគ្រឿងសំណង់ និងទឹកថ្នាំត្រាំសព មានកម្រិតខ្ពស់ជាងបារីធម្មតាជាច្រើនដង ។
លោកណាអូគី គូនូគីតា ជាអ្នកស្រាវជ្រាវបញ្ជាក់ថា នៅក្នុងបារីអេឡិចត្រូនិកមួយប្រភេទដែលក្រុមរបស់លោកបានរកឃើញ គឺមានសារធាតុបង្កមហារីកច្រើនជាងបារីធម្មតាក្នុង១កញ្ចប់ដល់ទៅ១០ដង ព្រោះនៅពេលប្រព័ន្ធ Resistance ដែលធ្វើឱ្យវត្ថុរាវក្តៅក្លាយជាចំហាយ ហាក់ដូចជាបង្កើតសារធាតុគ្រោះថ្នាក់ ក្នុងបរិមាណខ្ពស់ ៕
ប្រភព : បរទេស