ប៉េកាំង ៖ ក្រុមជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរមកដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហឺប៉ី (Hebei) របស់ប្រទេសចិនហើយ ដើម្បីស៊ើបអង្កេត រកប្រភពដើម នៃវីរុសកូវីដ-១៩ ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមជំនាញមកពីអង្គការសុខភាពពិភពលោក ដឹកនាំដោយលោក Peter Ben Embarek អ្នកជំនាញកំពូលផ្នែកជំងឺសត្វ របស់ WHO និងអ្នកជំនាញឯករាជ្យសរុបមានគ្នា ១០នាក់ ធ្វើការស្វែងរកប្រភពដើម នៃវីរុសកូរ៉ូណា ដោយសហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិន ។
សារព័ត៌មានចិន បានឲ្យដឹងទៀតថា ក្រុមជំនាញមកពីអង្គការ WHO នឹងចំណាយពេល ០២សប្តាហ៍សិន ដើម្បីធ្វើចត្តាឡីស័ក គិតចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ហើយបន្ទាប់មកពួកគេនឹងចំណាយពេល ០២សប្តាហ៍ទៀត ដើម្បីធ្វើការស្រាវជ្រាវ និងសាកសួរប្រជាជនមកពីបណ្តាវិទ្យាស្ថានស្រាវជ្រាវ, មន្ទីរពេទ្យ និងទីផ្សារលក់គ្រឿងសមុទ្រនៅទីក្រុងវូហាន ។
ក្រុមជំនាញ WHO បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះថា ពួកគេនឹងស្នាក់នៅទីក្រុងវូហានតែមួយប៉ុណ្ណោះ ដោយមិនមានគម្រោងធ្វើដំណើរ ទៅទីកន្លែងណាផ្សេងទៀតឡើយ ៕