រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកឆត្រយោងម្នាក់ បម្រើការងារ នៅក្នុងបញ្ជាការដ្ឋានកងទ័ពពិសេស៩១១ បានជួបនឹងគ្រោះថ្នាក់លោតឆត្រយោងខុសបច្ចេកទេស រហូតដល់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅលើទឹកដីស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ។
បើតាមប្រភពពីមន្ដ្រីយោធាត្រម្នាក់ បានប្រាប់ព័ត៌មានបឋម ដោយត្រួសៗថា ជនរងគ្រោះ ឈ្មោះ លឹម សាយ មានឋានន្ដរស័ក្ដិជាវរសេនីយ៍ត្រី និងមានតួនាទីជាគ្រូបង្វឹកឆត្រយោង ហើយលោកគ្រូបានស្លាប់ ខណៈកំពុងបង្វឹកទាហានឆត្រយោង។ រីឯមន្ដ្រីយោធាឆត្រយោងម្នាក់ទៀត ដែលរងរបួសធ្ងន់ដែរនោះ នៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានដដែល បានបន្ដថា គ្រោះថ្នាក់អកុសលនេះ បានកើតឡើង ខណៈលោកគ្រូកំពុងតែបង្វឹកសិស្សជាមន្ដ្រីទាហានឆត្រយោង លោតពីយន្ដហោះ។ ប៉ុន្ដែនៅពេលលោកគ្រូលោតចុះមក ឆត្របានគ្រលាស់ជាធម្មតា តែឆត្ររបស់លោកគ្រូ លឹម សាយ បានវណ្ឌគ្នាជាមួយនឹងសិស្សម្នាក់ទៀត បណ្ដាលឲ្យធ្លាក់មកដល់ដី រងរបួសធ្ងន់ទាំង២នាក់ តែជាអកុសល លោកគ្រូ លឹម សាយ បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ៕